ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់អនុវត្តវឱ្យតឹងរឹងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងខ្លាំងរំខានទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែលក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយជុំវិញបញ្ហានេះ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់ និងមិនមានការលើកលែង។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួងស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការងារនេះ អាជ្ញាធរត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះយានយន្តគ្រប់ប្រភេទ មិនថាម៉ូតូ ឬរថយន្តនោះទេ ពោល គឺឱ្យតែមានសំឡេងរំខានខុសពីធម្មតាគឺត្រូវតែឃាត់ទុក ណែនាំអប់រំ និងឱ្យដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញបាន ហើយដើម្បីអនុវត្តការងារនេះឱ្យបានជោគជ័យ អាជ្ញាធរខណ្ឌ១៤ ត្រូវបានបំពាក់ឧបករណ៍វាស់សំឡេង ក្នុង ១ខណ្ឌ២ទៅ ៣គ្រឿង ដើម្បីឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចមានលទ្ធភាពក្នុងការឃាត់ វាស់សំឡេងយានយន្តទាំងនោះ។
លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងផងដែរថា អនុវត្តទៅតាមការណែនាំនៃវិធានការឃាត់យានយន្តពាក់ស៊ីម៉ាំងនេះ ក្នុងការអនុវត្តលើកទីមួយ នគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្តបានចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន ៤០គ្រឿង ដោយបានអប់រំឱ្យប្ដូរស៊ីម៉ាំងមកជាធម្មតាវិញ ទើបឱ្យត្រឡប់ទៅគេហដ្ឋាន ហើយយានយន្តដែលបានឃាត់ទុកនោះខ្លះមិនទាន់អនុញ្ញាតឱ្យយកត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់ផ្លាស់ប្ដូរស៊ីម៉ាំង៕