(វ៉ាស៊ីនតោន)៖ នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការហើយថាលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក មួយថ្ងៃ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលអុកឡុកសភាកុំឱ្យទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
លោក ដូណាល់ ត្រាំ ដែលតែងតែចោទប្រកាន់ថាការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ បាននិយាយនៅក្នុងវីដេអូមួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា បានកាន់តំណែងជាប្រធានាធិបតីអាមេរិកមួយអាណត្តិមកនេះ គឺពិតជាមានកិត្តិយសបំផុតសម្រាប់ជីវិតរបស់លោក។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានថ្កោលទោស ផងដែរចំពោះអំពើហិង្សាកាលពីថ្ងៃពុធ នៅឯអគារសភាជាតិ ហើយថាលោកនឹងផ្ដោតទៅលើការផ្ទេរអំណាចដោយរលូនឱ្យលោក បៃដិន។
នៅក្នុងវីដេអូដដែល លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «សភាទាំងពីរបានទទួលស្គាល់លទ្ធផលបោះឆ្នោតហើយ។ ដូច្នេះ រដ្ឋបាលថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅ ថ្ងៃទី២០ ខែមករាខាងមុននេះ ។ ខ្ញុំកំពុងផ្ដោតជាសំខាន់លើការធានាឱ្យបាននូវការផ្ទេរអំណាចដោយរលូន ហើយបច្ចុប្បន្នគឺជាពេលត្រូវផ្សះផ្សាជាតិ»។
គួរបញ្ជាក់ថា ការទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កើតមានឡើង បន្ទាប់ពីក្រុមកុបករគាំទ្ររូបលោក កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះបានចូល កាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ពួកគេ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួល ស្គាល់ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ បើតាមប៉ូលិសអាមេរិក មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ៕