(សៀមរាប)៖ ក្រសួងបរិស្ថាន នឹងចាត់វិធានការផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែលនៅបន្តសកម្មភាពប្រមូល ទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃដែលជិតផុតពូជគ្រប់ប្រភេទពីតំបន់ការពារធម្មជាតិជាលក្ខណៈអាជីវកម្មធំចេញទៅប្រទេសជិតខាង។ នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចទៅកាន់ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
ការព្រមានចាត់វិធានការផ្លូវតាមច្បាប់របស់ក្រសួងអបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធទៅលើបុគ្គលល្មើសជំវិញនឹងការលួចប្រមូលទិញកេសរកូលព្រៃនេះ បានធ្វើឡើងក្រោយមានជនខិលខូចមួយចំនួននៅបន្តធ្វើសកម្មភាពទិញពូជកេសរកូលព្រៃ ដែលជាពូជកម្រនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តនាំចេញទៅលក់ឱ្យឈ្មួញនៅឯប្រទេសជិតខាង។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថានសូមព្រមានទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញ់នៅកេសរកូលព្រៃ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ ព្រោះក្រសួងបរិស្ថាន បានព្រមានរួចហើយចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ»។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ ក៏បានបញ្ជាក់ថា នៅប្រទេសកម្ពុជា មានតំបន់ចំនួន៥ ដែលមានពូជកេសរកូលព្រៃរួមមាន៖ តំបន់ភ្នំក្រវ៉ាញ, តំបន់ទំនាប់កណ្តាល, តំបន់ខ្ពង់រាប, តំបន់មាត់សមុទ្រ និងកោះ និងតំបន់ភ្នំ។ បន្ថែមនេះ តំបន់ដែលរងគ្រោះពីការជួញដូរកេសរកូល ជាលក្ខណៈអាជីវកម្ម មានពីរតំបន់ គឺតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ខ្ពស់រាប។
ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា កេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ ការហាមឃាត់ ឬការទប់ស្កាត់ការធ្វើអាជីវ កម្មកេសរកូលនេះក៏ធ្វើឡើងស្របពេលដែលអ្នកជំនាញបាននឹងកំពុងធ្វើការសិក្សារកចំនួនប្រភេទ កេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជាឱ្យបានច្បាស់លាស់។
បើតាមអ្នកនាំពាក្យរូបវ័យក្មេងដ៏សកម្មរូបនេះ ក៏បានអះអាងយ៉ាងដូច្នេះថា៖ «ក្នុងកំឡុងពេលដែលមន្ត្រីជំនាញកំពុងសិក្សាយើងមិនទាន់មានចំនួនប្រភេទកេសរកូល ឱ្យច្បាស់លាស់នៅឡើយ ដូច្នេះ បើមានការប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃ វាអាចធ្វើឱ្យបាត់បង់នូវប្រភេទកេសរកូលរបស់យើងដែលប្រទេសផ្សេងអាចយកទៅធ្វើជាអាជីវកម្ម ឬធ្វើជាកម្មសិទ្ធិរបស់គេ ដូច្នេះ បានជាយើងចាំបាច់ត្រូវការពារអភិរក្ស និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់»។
លោកបានបន្ថែមថាកន្លងមក មានជនខិលខូចមួយចំនួនបានធ្វើការបំផុសព័ត៌មានក្នុងបណ្តាញសង្គមអំពីការប្រមូលទិញ ប្រភេទកេសរកូលព្រៃ ក្នុងតម្លៃខ្ពស់ដែលជាហេតុនាំឱ្យមានការប្រមូលទិញកេសរកូលព្រៃ ពីតំបន់ការពារធម្មជាតិដោយអនាធិបតេយ្យ ហើយ ទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រភេទកេសរកូលព្រៃ និងអាចឈានដល់ការផុតពូជទាំងស្រុងនូវប្រភេទកេសរកូលព្រៃមួយចំនួន។
បើតាមលោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ក្រុមការងារជំនាញបានកំណត់អត្តសញ្ញាណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកស្រី បានថ្លែងថា កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសម្បូរទៅដោយប្រភេទកេសរកូលព្រៃ រហូតដល់ជាង៧០០ប្រភេទ ហើយពូជខ្លះ ក៏ជាពូជកម្រផងដែរ។ ក្រុមជំនាញរបស់ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» បាននឹងកំពុងសិក្សាស្រាវជ្រាវរកប្រភេទកេសរកូលព្រៃ ដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំងប្រភេទកម្រ និងប្រភេទមិនទាន់បានកំណត់អត្តសញ្ញាណ ដើម្បីឈានទៅអភិរក្សប្រភេទផ្កាព្រៃប្រភេទនេះ ដែលកំពុងមានវត្តមាននៅកម្ពុជា និងកំពុងទទួលរងគ្រោះថ្នាក់ ដើម្បីស្តារឡើងវិញ ទៅក្នុងដែនជម្រកធម្មជាតិ។
សូមក្រឡេកមកមើលច្បាប់ស្តីពី តំបន់ការពារធម្មជាតិ មាត្រា៥៩ ត្រង់ចំណុច៣ និង៤ បានចែងថាដឹកជញ្ជូន និងប្រមូលផលអនុផល ធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងប្រមូលសន្និធិផលអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ដល់ ១០លានរៀល ឬត្រូវធ្វើការជួសជុលស្តារការខូចខាត និងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។
ចំណែកមាត្រា៦១ ចំណុច៤ បានចែងថា ការកាប់ចងរឹត គាស់រម្លឹង កាប់រំលំ ប្រមូល បំផ្លាញ រុករាន និងធ្វើសន្និធិរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ ឬមានដោយកម្រ និងជិតផុតពូជដែលបានកំណត់ដោយប្រកាសក្រសួងបរិស្ថាននឹងត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ និង/ឬទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល។
សូមបញ្ជាក់ថា កម្ពុជាបានសម្រេចបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» កាលនៅចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។
«មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លា របស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា៕