(ភ្នំពេញ)៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានប្រកាសតែងតាំងគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Jose Alves Borges ដែលធ្លាប់ដឹកនាំក្លិបធំៗជាច្រើន នៅលីគកំពូលថៃ គឺជានាយកបច្ចេកទេសរបស់ខ្លួន ដើម្បីរួមចំណែកពង្រឹងក្បាលម៉ាស៊ីនដឹកនាំក្រុមនាគមាសមួយនេះ នារដូវកាលថ្មីខាងមុខ។
ក្លិបជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា ក្នុងនាមនាយកបច្ចេកទេស លោក Jose Alves Borges មានតួនាទីត្រួតពិនិត្យមើលទៅលើសាលាបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ ក៏ដូចជាផ្តល់ការអប់រំដល់គ្រូបង្វឹកទាំងអស់របស់ណាហ្គាវើលដ៏ រួមទាំងគ្រូបង្គោលលោក មាស ចាន់នា ផងដែរ។
នេះគឺជាលើកដំបូងហើយ ដែលបុរសវ័យ ៦២ឆ្នាំខាងលើ បានមកប្រកបអាជីពនៅកម្ពុជា បន្ទាប់ពីលោកចំណាយពេលជាង ២៤ឆ្នាំ ក្នុងការបង្វឹកក្រុមយុវជន និងក្រុមធំ នៅប្រេស៊ីល ចិន មីយ៉ាន់ម៉ា ពិសេសថៃ លោកធ្លាប់ដឹកនាំក្រុមធំៗជាច្រើន រួមមានក្លិប Tobacco Monopoly, Buriram United , Rajpracha, BBCU FC, Police Tero, PTT Rayong និងចុងក្រោយលោកដឹកនាំក្លិប Chiangrai United កាលពីឆ្នាំ២០១៩។
ការបន្ថែមក្បាលម៉ាស៊ីនក្នុងការងារបច្ចេកទេសរបស់អតីតក្រុមជើងឯក ៣សម័យនេះ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតកាលពីថ្មីៗ ណាហ្គាវើលដ៏ ទើបនាំចូលកីឡាករមានបទពិសោធជាច្រើនមកពង្រឹងក្រុមនារដូវកាលថ្មី រួមមានកីឡាករ តាំង សុភ័ក្រ, ពេជ្រ សុវណ្ណខេមរិន្ទ្រ, នុប តុលា, នេន សុធារដ្ឋ និង សំអឿន ពិដោរ ជាដើម៕