(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់សិស្សានុសិស្សដែលទទួលបានការសម្រេចឱ្យជាប់ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ទាំងអស់គប្បីពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់។
បើតាមលិខិតអបអរសាទររបស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជូនចំពោះសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិជាប់ជាស្ថាពរដែល ទទួលបាននាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា លោកបានចូលរួមអបអរសាទរដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ឱ្យជាប់ជាស្ថាពរក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល លោករដ្ឋមន្ត្រីបានអំពាវនាវដល់ទាំងអស់ពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្នុងខណៈដែលរាជរដ្ឋាភិបាលក៏កំពុងរៀបចំគោលនយោបាយពាក់ព័ន្ធមួយចំនួន ដើម្បីនាំកម្ពុជាចូលទៅក្នុងយុគសម័យថ្មីនៃរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម ជា វ៉ាន់ដេត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សនឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕