(កែប)៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។
បើតាមរបាយការណ៍ ជនសង្ស័យដែលកម្លាំងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួននេះ ឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាពលើគណនី Facebook ក្លែងក្លាយទាំងនោះ។
យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនារីរូបនោះ បានផ្លាស់ប្ដូរមកធ្វើការ នៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនាង មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឲ្យគេកើតចិត្តប្រច័ណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នាង ឪពុកនាង និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ចេតនាដើម្បីទម្លាក់កំហុសនារីរូបនោះ ព្រមទាំងមិត្តភ័ក្រដៃគូស្នេហា និងគ្រួសាររបស់នាង។
បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យនេះ ទៅតុលាការតាមនីតិវិធី។