(ភ្នំពេញ)៖ ពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាល តម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ ដែលមានទីតាំងតាមផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលឲ្យធ្លាយដំបូលសាលារៀនសុធារស រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
របាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅធ្វើចត្ដាឡីស័កក្នុងសណ្ឋាគារ ឡុង លីវ បន្ទប់លេខ៥១១ ជាន់ទី៥ ផ្លូវ៣១២ ក្រុម២៣ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រងរបួសបែកក្បាល និងមានស្នាមឆូតលើដងខ្លួនរងរបួសស្រាល។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ថា នៅពេលនេះជនរងគ្រោះកំពុងសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្នបានដឹងខ្លួន និងនិយាយបានខ្លះៗ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ការធ្លាក់ពីលើអគារសណ្ឋាគារនេះ ជារឿងផ្ទាល់ខ្លួនរបស់ជនរងគ្រោះ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩នោះឡើយ
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ ដែលជាឥទ្ធិពល នៃការប្រើប្រាស់គ្រឿងថ្នាំញៀន ព្រោះលទ្ធផលនៃការធ្វើតេស្ដទឹកនោម គឺមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ៕