(ភ្នំពេញ)៖ លទ្ធផលនៃការធ្វើតេស្ដលើកទី២ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើ ដោយអវិជ្ជមានទាំងអស់»។
បើតាមទោះបីលទ្ធផលលើកទី២ អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែសម្ដេចក្រឡាហោម ស ខេង និងមន្ដ្រីដែលមានការពាក់ព័ន្ធ នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះ៕