(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) និងលោក បៀល គ្លីនតុន (Bill Clinton) រួមទាំងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានស្ម័គ្រចិត្តទទួលយកការចាក់ «វ៉ាក់សាំងប្រឆាំងជំងឺ COVID-19» ប្រសិនបើវាអាចជួយលើកកម្ពស់ ទំនុកចិត្តជូនដល់សាធារណជន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ សាយរើស XM (SiriusXM) លោក អូបាម៉ា បាននិយាយថា លោកនឹងចាក់វ៉ាក់សាំងភ្លាម ប្រសិនបើអ្នកជំនាញផ្នែកជំងឺឆ្លងកំពូល របស់សហរដ្ឋអាមេរិកលោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) បញ្ជាក់ថា វ៉ាក់សាំងនោះមានសុវត្ថិភាព អាចការពារអ្នកពីជំងឺ COVID-19 បាន។ លោក អូបាម៉ា បានបន្ថែមទៀតថា «ខ្ញុំប្រហែលជាអាចចាត់វ៉ាក់សាំង តាមកញ្ចក់ទូរទស្សន៍ ឬក៏ថតជាវីដេអូឃ្លីបដើម្បីបង្ហាញថា ខ្ញុំជឿជាក់លើវិទ្យាសាស្រ្ត ហើយអ្វីដែលខ្ញុំខ្លាចនោះគឺការឆ្លងវីរុសកូរ៉ូណា»។
ទន្ទឹងគ្នានេះលោក ហ្វ្រេដឌី ហ្វដ (Freddy Ford) អតីតប្រធានបុគ្គលិក នៅក្នុងអតីតរដ្ឋបាលលោក Bush បានថ្លែងប្រាប់ទូរទស្សន៍ CNN ថា អតីតប្រធានាធិបតីលោក Bush ក៏ចង់ជួយលើកកម្ពស់ អំពីការចាក់វ៉ាក់សាំងផងដែរ។ លោក Ford បន្តទៀតថា ក្នុងដំណាក់កាលដំបូង វ៉ាក់សាំងចាំបាច់ត្រូវបញ្ជាក់ពីសុវត្ថិភាព និងត្រូវផ្តល់ជូនប្រជាជនអាទិភាព បន្ទាប់មកអតីតប្រធានាធិបតីរូបនេះ នឹងចូលជួរដើម្បីចាក់វ៉ាក់សាំងនោះដែរ ហើយលោកនឹងធ្វើវាដោយក្តីរីករាយ។
បន្ថែមពីលើនេះ លោក អ៊ែនជែល យូរ៉េណា (Angel Urena) អតីតលេខាធិការផ្នែកសារព័ត៌មាន នៅក្នុងអតីតរដ្ឋបាលរបស់លោក Clinton ក៏បានថ្លែងប្រាប់ទូរទស្សន៍ CNN ដែរថា អតីតប្រធានាធិបតីរូបនេះ ក៏នឹងទទួលយកវ៉ាក់សាំងជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ផងដែរ។
ក្រោយមកទៀត ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ក៏បានថ្លែងប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយថា លោកនឹងស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងជាសាធារណៈ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល ជាពិសេសបើវេជ្ជបណ្ឌិតលោក Fauci បញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាព។ បុរសវ័យ ៧៨ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើទំនាក់ទំនងទៅកាន់ពលរដ្ឋអាមេរិកាំង អំពីសុវត្ថិភាពរបស់វ៉ាក់សាំង»។ លោក បៃដិន ក៏បានកោតសរសើរដល់អតីតប្រធានាធិបតីទាំងបីរូប ចំពោះការប្តេជ្ញាចិត្ត និងបានធ្វើជាគំរូដ៏ល្អសម្រាប់គ្រប់គ្នាធ្វើតាម។
គួរបញ្ជាក់ថា វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna-NIH ត្រូវបានគេរំពឹងថា នឹងទទួលបានបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ករណីបន្ទាន់ក្នុងពេលឆាប់ៗនេះ។ មន្ត្រីវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់អាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចចាក់វ៉ាក់សាំងជូនដល់ប្រជាជន ១០០លាននាក់ នៅត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១៕