(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់ កាស្ទិច (Jean Castex) បានលើកឡើងនៅក្នុងសប្តាហ៍នេះថា ប្រទេសអឺរ៉ុបមួយនេះនឹងផ្តល់ការចាក់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដល់ប្រជាជនរបស់ខ្លួនទាំងអស់ ដោយមិនគិតថ្លៃនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
លោក ហ្សង់ កាស្ទិច បានលើកឡើងថា ការចាក់វ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃខាងលើនេះគឺស្ថិតក្រោមកម្មវិធី នៃប្រព័ន្ធសន្តិសុខសង្គមរបស់បារាំង ដែលបានត្រៀមកញ្ចប់ថវិកាសរុប ១.៥ពាន់លានអឺរ៉ូ (១.៨២ពាន់លានដុល្លារអាមេរិក) ដើម្បីបញ្ជាទិញវ៉ាក់សាំងសម្រាប់ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ជាមួយបណ្តារដ្ឋមន្ត្រីបារាំងផ្សេងៗទៀត លោកនាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង COVID-19 នឹងមិនតម្រូវឲ្យគ្រប់គ្នាត្រូវតែចាក់វានោះឡើយ ប៉ុន្តែរដ្ឋាភិបាលបារាំងអំពាវនាវឲ្យគ្រប់គ្នាចាក់វា ឲ្យបានច្រើនតាមដែលអាចធ្វើទៅរួច។
គួរបញ្ជាក់ថា បារាំងបច្ចុប្បន្ននេះ គឺជាប្រទេសរងគ្រោះដោយការឆ្លង COVID-19 ធ្ងន់ធ្ងរបំផុតលេខ ៥លើលោក ដោយមានចំនួនករណីឆ្លងសរុបជាង ២,២៥៧,០០០នាក់ ក្នុងនោះស្លាប់ ៥៤,១៤០នាក់៕