ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យរឹតបន្តឹងអនុវត្តន៍ច្បាប់ ករណីល្មើសការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យរឹតបន្តឹងអនុវត្តន៍ច្បាប់ ករណីល្មើសការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត។

យោងតាមសេចក្តីណែនាំ របស់សម្តេច ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់យ៉ាងដូច្នេះថា «បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត»។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ថែមទាំងបានណែនាំ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បើតាមសម្តេច ស ខេង, ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដោយក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២០ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៧៧៨លើក ស្មើ២៣% អ្នកស្លាប់បានថយចុះ ចំនួន២៨៨នាក់ ស្មើ១៧% និងអ្នករបួសថយចុះ ១២០៧នាក់ ស្មើ២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នាឆ្នាំ២០១៩។

សម្តេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយអប់រំច្បាប់ ដែលបាននាំឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

សម្តេចក្រឡាហោម បានលើកឡើងថា ទោះបីស្ថានភាពចរាចរណ៍ផ្លូវគោក ហាក់មានភាពប្រសើជាងមុនក្តី ក៏ប៉ុន្តែគេពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបង្កហានីភ័យខ្ពស់ ធៀបទៅនឹងគ្រោះថ្នាក់សង្គមនានា ដែលបណ្តាលឲ្យបាត់បង់ជីវិត រងរបួសខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាព នៃគ្រួសាររងគ្រោះជាច្រើននាក់ផងដែរ។

ដូចនេះដើម្បីកាត់បន្ថយហានីភ័យនេះ និងដើម្បីជំរុញការរក្សា សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរថែមទៀត សម្តេច ស ខេង បានដាក់ចេញវិធានការបង្ការ និងទប់ស្កាត់កំណើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

១៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត ត្រូវជំរុញចាត់វិធានការដូចតទៅ៖

* បង្កើនការរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមផែនការសកម្មភាព ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ និងតាមបទពិសោធន៍ជាក់ស្តែង ដោយផ្តោយលើមុខសញ្ញាបង្កគ្រោះថ្នាក់ មូលហេតុនាំឲ្យមានគ្រោះថ្នាក់ ពេលវេលា និងទីកន្លែងដែលកើតឡើង នូវហេតុការណ៍គ្រោះថ្នាក់ ដើម្បីដាក់ចេញនូវវិធានការឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ និងត្រូវចែករំលែកព័ត៌មានសាវតារជាតិ របស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឲ្យបានជ្រាប និងចូលរួមសហការ

* បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

* បង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានកាន់តែទំលំទូលាយថែមទៀត

* ត្រូវពង្រឹងថែមទៀតនូវប្រព័ន្ធសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំពីយន្តការមធ្យោបាយ និងការទំនាក់ទំនងព័ត៌មាន សំដៅធ្វើការសង្គ្រោះ ប្រកបដោយជំនាញវិជ្ជាជីវៈ និងបានឆាប់ទាន់ពេលវេលា

* ត្រូវយកចិត្តទុកដាក់អនុវត្តន៍ចលនាប្រឡងប្រណាំ «តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលបានចែងក្នុងសេចក្តីណែនាំចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ដើម្បីជំរុញចលនានេះ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងផ្តើមស្នើការវាយតម្លៃ លើកសរសើរដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០២០

* ត្រូវខិតខំពង្រឹងវិន័យ សីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈ រួមទាំងការបន្តលើកទឹកចិត្ត ដល់កងកម្លាំងមានសមត្ថកិច្ច អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានជាប់ជាប្រចាំ។

២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងសហគ្រាសសាធារណៈ ត្រូវយកចិត្តទុកដាក់អនុវត្តន៍សេចក្តីណែនាំចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការជំរុញការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់មន្ត្រីរាជការ និយោជិត ក្រោមឱវាទក្រសួងស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានស្មារតីគំរូ ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវបង្កើនកម្មវិធីអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ឲ្យបានទៀងទាត់ យ៉ាងតិចមួយត្រីមាសម្តង ក្នុងការបញ្ចូលខ្លឹមសារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបទបញ្ជាផ្ទៃក្នុង និងត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំ២០២០ និងរបាយការណ៍ប្រចាំខែក្នុងឆ្នាំ២០២១ ខាងមុខនេះ អំពីសកម្មភាពអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យបានទៀងទាត់ ជូនទៅគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |