(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងប្រាប់ ឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃសិន ដោយហេតុផលលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកឧត្តមបានបន្ថែមថា ការបិទបណ្តោះអាសន្ននេះដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធនៅទីនោះទាំងផ្ទាល់ និងប្រយោល ក៏ដូចជាដើម្បីទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតឡើងដោយសារជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួននៃការធ្វើសេត្តរកវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។
ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត។