(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) ម្នាក់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានណែនាំថា ប្រទេសនានាដែលមានការថយចុះ នៃចំនួនករណីឆ្លង COVID-19 នៅតែត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានផ្នែកបច្ចេកទេសនៃកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោកស្រី ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) បានគូសបញ្ជាក់ថា «ទោះបីជាចំនួនករណីឆ្លង COVID-19 មានការថយចុះក៏ដោយ ក៏ប្រទេសទាំងអស់នោះ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ»។
លោកស្រី Van Kerkhove បានគូសបញ្ជាក់បន្ថែមថា «វាជាការប្រសើរណាស់ ដែលឃើញវិធានការណ៍គ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នេះមានប្រសិទ្ធភាព ហើយចំនួនករណីឆ្លងមានការថយចុះ។ ប៉ុន្តែវាមិនមែនជាពេលវេលា ដែលត្រូវបញ្ឈប់នោះទេ»។
គួរបញ្ជាក់តាមទិន្នន័យចុងក្រោយបង្អស់ ពីសាកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (Johns Hopkins) បានបង្ហាញថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងសកលលោក បានកើនឡើងដល់ជាង ៦១លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១.៤លាននាក់ និងជាសះស្បើយជាង ៤២.៧លាននាក់៕