(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាកចេញពីសេតវិមាន បើសិនជាអង្គបោះឆ្នោត ឬ Electoral College បោះឆ្នោតគាំទ្រ ឱ្យលោក ចូ បៃដិន ធ្វើជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃបុណ្យ Thanksgiving នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការបញ្ជាក់ថាលោកនឹងចាកចេញពី សេតវិមាន បើសិនជាប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយអង្គបោះឆ្នោតទាំង ៥៣៨រូប។ លោក ត្រាំ បានបន្ថែមទៀតថាក្នុងកាលៈទេសៈបច្ចុប្បន្ន លោកពិបាកនឹងទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ហើយក៏មិនបាននិយាយថា លោកនឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក បៃដិន នោះដែរ ដោយនៅតែអះអាងដដែលថាការបោះឆ្នោតមានការលួចចបន្លំ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ លោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោត៣០៦រូប រីឯលោក ដូណាល់ ត្រាំ ទទួលបាន ២៣២រូប។ អង្គបោះឆ្នោតទាំងអស់ នឹងត្រូវជួបជុំគ្នានៅតាមរដ្ឋធានីនីមួយៗ ប្រចាំរដ្ឋរបស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៦ ជាផ្លូវការ ហើយដើម្បីជាប់ឆ្នោត លោក បៃដិន ឬលោក ត្រាំ ត្រូវប្រមូលសំឡេងគាំទ្រពីអង្គបោះឆ្នោត ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុបទាំង ៥៣៨រូប។
ប៉ុន្តែ ដោយសារតែទទួលបានអង្គបោះឆ្នោត៣០៦រូប លោក បៃដិន ត្រូវបានគេរំពឹងថាមានភាគរយខ្ពស់ នឹងជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ ដ្បិតជាទូទៅ អង្គបោះឆ្នោត គឺត្រូវបានគណបក្សជាអ្នកចាត់តាំង។ មានន័យថា អង្គបោះឆ្នោត ត្រូវបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សរបស់ខ្លួន ហើយអង្គបោះឆ្នោតដែល បោះឆ្នោតគាំទ្រឱ្យបេក្ខជនបក្សដទៃ ក៏ធ្លាប់មានដែរ តែវាមិនដែលធ្វើឱ្យប្រែប្រួលដល់លទ្ធផលបោះឆ្នោតនោះទេ៕