(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងជាលើកដំបូងថា ពេលនេះយើងមានក្តីសង្ឃឹមយ៉ាងពិតប្រាកដមួយថា វ៉ាក់សាំងនានារួមជាមួយការព្យាយាម និងធ្វើតេស្តជាច្រើន នឹងអាចឲ្យយើងបិទបញ្ចប់ការរាតត្បាតនៃ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ការលើកឡើងរបស់ប្រធាន WHO ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី ក្រុមហ៊ុន AstraZeneca សហការជាមួយសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានបញ្ចេញលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ជាមួយលទ្ធផល ៩០% នៃប្រសិទ្ធភាព និងសុវត្ថិភាព។ វាជាវ៉ាក់សាំងទី ៣ ហើយបន្ទាប់ពីវ៉ាក់សាំងនៃក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយអាល្លឺម៉ង់ BioNtech ព្រមទាំងក្រុមហ៊ុនមួយទៀតរបស់អាមេរិកគឺ Moderna សុទ្ធតែបានបង្ហាញលទ្ធផលជាង ៩០% ដូចៗគ្នា នៅក្នុងការធ្វើតេស្តតំណាក់កាលចុងក្រោយ។
លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់យ៉ា់ងដូច្នេះថា «សារៈសំខាន់នៃសមិទ្ធផលវិទ្យាសាស្ត្រនេះ មិនអាចត្រូវបានគេមើលរំលងឡើយ។ គ្មានវ៉ាក់សាំងណាមួយក្នុងប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដូចវ៉ាក់សាំងទាំងនេះទេ។ ឥឡូវនេះសហគមន៍អន្តរជាតិ ត្រូវកំណត់ស្តង់ដារថ្មីសម្រាប់ការទទួលបានវ៉ាក់សាំង ព្រោះថាភាពចាំបាច់នៃការអភិវឌ្ឍវ៉ាក់សាំង ក៏ត្រូវឲ្យស៊ីសង្វាក់គ្នាទៅនឹងការ ចែកចាយដោយបន្ទាន់ និងស្មើភាពគ្នាផងដែរ»។
គួរបញ្ជាក់តាមប្រធាន WHO ថា ទឹកប្រាក់យ៉ាងហោចណាស់ ៤.៣ពាន់លានដុល្លារអាមេរិក គឺត្រូវការជាចាំបាច់ដើម្បីធ្វើការផលិត និងចែកចាយវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ក្នុងនោះរួមមានទាំងការធ្វើតេស្ត និងព្យាបាលផងដែរនៅក្នុងតំណាក់កាលបន្ទាន់។ ដោយឡែកទឹកប្រាក់រហូតដល់ទៅ ២៣.៨ពាន់លានដុល្លារទៀត គឺសម្រាប់ឆ្នាំ២០២១៕