(ប៉េកាំង)៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសចិនមិនអាចអភិវឌ្ឍបានទេ បើគ្មានពិភពលោកទាំងមូលចូលរួមទេនោះ ហើយពិភពលោក ក៏មិនអាចរីកចម្រើនបានដែរ បើគ្មានប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស៊ី បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្តីថ្លែងការមួយ ទៅកាន់កចិ្ចប្រជុំលើកទី២០ របស់ក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ។
ទន្ទឹមនឹងនោះ ប្រធានាធិបតីចិនរូបនេះ ថែមទាំងបានអំពាវនាវឲ្យមានវិធានការជាក់ស្តែងដើម្បីអនុវត្តពហុភាគីនិយម និងដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវអភិបាលកិច្ចពិភពលោក និងការពារប្រព័ន្ធអន្តរជាតិ៕