(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ សម្រាប់ករណីជំងឺឆ្លងជំងឺ COVID-19 ដែលទើបត្រូវបានរកឃើញប្រចាំថ្ងៃរហូតដល់ទៅជាង ១០៨,០០០នាក់ កាលពីថ្ងៃពុធ (ពេលវេលានៅអាមេរិក) ខណៈរដ្ឋនានានៅទូទាំងប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីៗ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភ នៅចំពោះដំណើរការរាប់សន្លឹកឆ្នោត ដែលមិនទាន់បញ្ចប់នៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ករណីឆ្លងបានកើនឡើងយ៉ាងគំហុក រួមទាំងចំនួនមនុស្សដែលទទួលការសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យផងដែរ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ឬ ប្រធានាធិបតីថ្មី ត្រូវប្រឈមនៅប៉ុន្មានខែមុនរដូវរងា និងថ្ងៃឈប់សម្រាកដែលកាន់តែខិតជិតមកដល់។ វេជ្ជបណ្ឌិត រ៉ូបឺត មើហ្វី (Robert Murphy) ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានសុខភាពសាធារណៈ នៅសាកលនៅសាកលវិទ្យាល័យ ណតស៍វែស្ទឺន (Northwestern) បានបញ្ជាក់ថា អាណត្តិដឹកនាំរបស់លោក ត្រាំ នឹងបន្តបញ្ចប់រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ ហើយទៅដល់ពេលនោះ ពលរដ្ឋអាមេរិកាំងច្រើនជាង ១សែននាក់ទៀត អាចនឹងបង់ជីវិតដោយសារជំងឺ COVID-19 បើសិនមិនដាក់ចេញនូវវិធានការចំបាច់ ដើម្បីទប់ស្កាត់នោះទេ។
យោងតាមទិន្នន័យចេញផ្សាយដោយសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (John Hopkins) បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 ថ្មីៗប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានកើនឡើង ៤៥ភាគរយ នៅក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលជាមធ្យមមានជាង ៨៦,៣០០ករណីក្នុងមួយថ្ងៃ។ ទន្ទឹងគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើង ១៥ភាគរយផងដែរ ដោយជាមធ្យមមានជាង ៨៤០នាក់ជារៀងរាល់ថ្ងៃ។ ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសមានច្រើនជាង ២៣២,០០០នាក់ ខណៈចំនួនករណីឆ្លងសរុបមានច្រើនជាង ៩លានករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយករណីឆ្លងថ្មីៗបាននឹងកំពុងបន្តកើនឡើង ស្ទើរតែគ្រប់រដ្ឋទៅហើយ។
នៅជុំវិញបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ស៊ូសាន ប៊េលី (Susan Bailey) ប្រធានសមាគមគ្រូពេទ្យអាមេរិក បានបញ្ជាក់ពីវិធានការមួយចំនួន ដែលពលរដ្ឋអាមេរិកាំងអាចធ្វើបាន ដើម្បីជួយផ្លាស់ប្តូរស្ថានភាពនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាលទ្ធផលបោះឆ្នោតយ៉ាងណាក៏ដោយ យើងគ្រប់គ្នាត្រូវតែគាំទ្រ»។ លោកស្រីបានបន្តទៀតថា មនុស្សភាគច្រើនហាក់ដូចជាបន្ធូរអារម្មណ៍ចំពោះ ការអនុវត្តគម្លាតសុវត្ថិភាព, ការមិនលាងដៃញឹកញាប់ និងការមិនពាក់ម៉ាសផងដែរ។ លោកស្រីវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នាត្រូវដឹងថាអ្វីៗអាចកើនឡើងគ្រប់ពេលវេលា ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នគ្រប់ពេល។
គួរបញ្ជាក់តាមមន្ត្រីសុខាភិបាលអាមេរិក បានគូសបញ្ជាក់ថា ពួកគេជឿលើវ៉ាក់សាំងប្រឆាំង COVID-19 ដែលអាចនឹងទទួលបានការអនុញ្ញាត ឲ្យប្រើជាបន្ទាន់នៅមុនដំណាច់ឆ្នាំ២០២០នេះ។ ការផ្គត់ផ្គង់វ៉ាក់សាំងនៅដំណាក់កាលដំបូង នឹងត្រូវចែកចាយភ្លាមៗដល់ពលរដ្ឋដែលងាយរងគ្រោះបំផុត រួមបញ្ចូលទាំងបុគ្គលិកសុខាភិបាលជួរមុខ។
រហូតមកដល់ពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតទាំងស្រុងឲ្យប្រើប្រាស់ថ្នាំតែមួយមុខគត់គឺថ្នាំ រ៉េនដេស៊ីវា (remdesivir) សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ ខណៈថ្នាំ ឌិចហ្សាមេថាសុន (Dexamethasone) ឬ ថ្នាំប្រភេទ ស្ទេរ៉យដ៍ (steroids) ស្រដៀងគ្នានេះដែរ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើលើអ្នកជំងឺកម្រិតធ្ងន់មួយចំនួន ប៉ុន្តែត្រូវធ្វើតាមគោលការណ៍ណែនាំ ស្តីពីការព្យាបាលរបស់សហព័ន្ធ។ បន្ថែមពីលើនេះ រដ្ឋាភិបាលអាមេរិកនៅតែបន្តឧបត្ថម្ភ លើការសិក្សាជាច្រើនផ្សេងៗទៀតផងដែរ ពាក់ព័ន្ធនឹងថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំង COVID-19៕