(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បើសិនជាក្រសួង បានរកឃើញថា សាលាណាមួយ ដែលរំលោភទៅលើលក្ខខណ្ឌសុវត្ថិភាព របស់ក្រសួងនោះ ក្រសួងនឹងធ្វើការព្យួរ ជាបណ្ដោះអាសន្ននូវសាលានោះតែម្ដង។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រៀបចំសន្និសីទ សារព័ត៌មាន ស្ដីពី «វិធានការក្នុងការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ» នៅសាលប្រជុំ «ក» នៃទីស្ដីការក្រសួងអប់រំ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើសាលាណាមួយ រំលោភទៅលើលក្ខខណ្ឌ (សុវត្ថិភាព) របស់ក្រសួង ជំហានដំបូងក្រសួង នឹងធ្វើការណែនាំ បើសិនជាមិនធ្វើតាម ក្រសួង នឹងធ្វើការព្យួរជាបណ្ដោះអាសន្ន នូវសាលានោះតែម្ដង»។
រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា បច្ចុប្បន្ន មានសាលាប្រមាណជាង៧ពាន់ បានបើកដំណើរការ ក្នុងដំណាក់កាលទី២ ខណៈដែលសាលា មានដំណើរការ ចំនួនសរុបប្រមាណ១ម៉ឺនសាលា។
ចំពោះគ្រឹះស្ថានសិក្សាឯកជន បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា គ្រប់សាលាទាំងអស់ មុននឹងដាក់ឲ្យដំណើរការ ក្រសួងចុះទៅពិនិត្យមើល ដើម្បីបញ្ជាក់ថា គ្រឹះស្ថានទាំងអស់នោះ សុទ្ធតែមានសមត្ថភាព ក្នុងការបើកដំណើរការ។
ដោយឡែក រគ្រឹះស្ថានសិក្សារដ្ឋ លោករដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងបានបើកដំណើរការ រយៈពេល១ខែហើយ និងមានការត្រួតពិនិត្យ ពីអាជ្ញាធរអប់រំគ្រប់លំដាក់ថ្នាក់ ហើយក្រសួង ក៏បានចេញសេចក្ដីណែនាំ ជូនដល់សាលាទាំងអស់នោះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានលើកឡើងថា បើសិនបើមានការផ្ទុះ នៅសាលាណាមួយ ក្រសួងនឹងសហការ ជាមួយក្រសួងសុខាភិបាល ដើម្បីចុះទៅត្រួតពិនិត្យវាយតម្លៃ ហើយនឹងអនុវត្ដទៅតាមគោលការណ៍ និងវិធានការជាក់ស្ដែង។
ដោយឡែករឿងប្រឡងបាក់ឌុបវិញ លោករដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា បើសិនជាមានសិស្សធ្លាក់ច្រើន ក្រសួងនឹងពិនិត្យវាយតម្លៃ ទៅលើលទ្ធផល នៃការប្រឡង ហើយនឹងដាក់ចេញ វិធានការជាក់ស្ដែង ទៅតាមលទ្ធផលទាំងនោះ ដូច្នេះក្រសួងមិនទាន់ មានការវាយតម្លៃអ្វីទាំងអស់ ជុំវិញបញ្ហានេះ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការបើកដំណើរការ គ្រឹះស្ថានសិក្សា សាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្ដីណែនាំ ដែលទទួលបាន ក្រសួងអប់រំ បានបញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងអប់រំ ក៏បានណែនាំទៀតថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី២៥នាក់ ក្នុងមួយថ្នាក់។
ដោយឡែកការអនុវត្តកម្មវិធីសិក្សា សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចដំណាក់កាលទី២ ខណៈថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន ៣ថ្ងៃក្នុងមួយសប្ដាហ៍។
ដោយក្នុងនោះ តម្រូវក្នុងមួយបន្ទប់ មានសិស្សមិនលើសពី៣០នាក់ និងអនុវត្តការសិក្សាបែបចម្រុះ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោល យ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែង នៃចំនួនបន្ទប់រៀន និងចំនួនគ្រូ៕