(ក្រុងឡុដ៍)៖ ក្រុមកាំភ្លើងធំ Arsenal របស់លីគអង់គ្លេស ដែលមានការដឹកនាំដោយអ្នកចាត់ការទូទៅលោក Mikel Arteta បានបង្ហាញតម្លៃប្រមាណ ៤៣លានផោនទៅកាន់ខ្សែការពារកណ្តាល Thomas Partey របស់ក្លិបអេស្ប៉ាញ Atletico Madrid ក្នុងការចូលពិភាក្សានៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។ នេះបើតាមការចេញផ្សាយដោយ 7msport នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
សម្រាប់បញ្ហានេះដែរ ចំពោះខ្សែការពារកណ្តាលសញ្ជាតិហ្គាណា Partey កំពុងត្រូវបានអ្នកចាត់ការទូទៅក្រុម Atletico លោក Diego Simeone ពេញចិត្តនឹងទម្រង់លេងរបស់គេ ដែលលោកមិនគម្រោងលក់នោះទេ ដោយសារតែខ្សែការពារខាងលើបានរួមចំណែកទម្លាក់ Liverpool ឡើងទៅវគ្គ៨ Champions League រដូវកាលនេះ ខណៈនៅ LaLiga ក្រុមនេះ ជួបភាពលំបាកដោយឈរត្រឹមលេខ៦ ក្នុងតារាងពិន្ទុរដូវកាលនេះ។
ជុំវិញបញ្ហានេះ កាំភ្លើងធំ Arsenal កំពុងមានភាគរយអាចនាំយកខ្សែការពារ Partey មកបំពេញកន្លែងខ្វះខាតលើទីលានប្រកួតបានបើសិនណាលីគ LaLiga ត្រូវបញ្ចប់ ខណៈនេះក្រុម Atletico Madrid ក៏កំពុងតែត្រូវការប្រាក់មកពង្រឹងហិរញ្ញវត្ថុក្លិប ក្រោយពេលមានការផ្អាកការប្រកួត គ្រាដែលក្រុមកាំភ្លើងធំកំពុងសិក្សាពីតម្លៃនេះនឹងរៀបចំផែនការបន្ថែមទៀត ក៏ដូចជាត្រូវបង្ខំចិត្តលក់ចេញកីឡាករមួយចំនួន ដើម្បីបំពេញតម្រូវការខាងលើ៕