បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ កុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋដែលជំពាក់បំណុល ក្នុងដំណាក់កាលកំពុងតែរងគ្រោះដោយវិបត្តកូវីដ១៩ និងកំពុងរងគ្រោះដោយទឹកជំនន់ ។ សម្ដេចថ្លែងយ៉ាងដូច្នេះក្នុងឱកាសចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់១ម៉ឺនគ្រួសារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវបន្ថែមទៀតចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់ចំពោះអ្នកដែលលិចលង់នៅគ្រប់ទីកន្លែងទាំងអស់ ដោយមានការបន្ធូរបន្ថយពេលវេលានៃការសងប្រាក់ ពន្យាពេលនៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់ នៅក្នុងរយៈពេលនៃការលំបាក» ។
សម្ដេចបានបន្តទៀតថា «ខ្ញុំសូមអំពាវនាវកុំឱ្យមានការរឹបអូស ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីត និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់ សម្រាប់អ្នកដែលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះពិតប្រាកដ» ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ទាំងធនាគារធំៗ ទាំងមីក្រូហិរញ្ញវត្ថុ គួរធ្វើការយោគយល់អំពីបញ្ហានេះ ព្រោះរឿងនេះគឺជារឿងដែលបានកើតឡើង ហើយផ្ដល់ការឈឺចាប់ខ្លាំងណាស់ទៅហើយសម្រាប់ប្រជាពលរដ្ឋ ដែលយើងគួរតែយោគយល់ ។ ដោយឡែកចលនាដែលអំពាវនាវឱ្យមានការដកប្រាក់ចេញពីធនាគារ ដើម្បីធ្វើឱ្យធនាគារស្រុកខ្មែរដួលរលំ និងចលនាដែលអំពាវនាវមិនសងប្រាក់ធនគារ សម្ដេចនៅតែជម្រុញឱ្យរឹបអូសកុំបីយោគយល់ឡើយ តែអ្នកដែលរងគ្រោះពិតប្រាកដ ត្រូវតែអនុគ្រោះចំពោះពួកគាត់ ៕