(ប៉េកាំង)៖ បុរសជនជាតិចិន-តៃវ៉ាន់ម្នាក់ឈ្មោះ លី ម៉េងជូ (Lee Meng-chu) ដែលត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន ក្រោមការចោទប្រកាន់ពីបទ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនោះ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ចិនហើយ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ហើយជនជាប់ចោទរូបនោះសារភាពថា ខ្លួនបានលួចថតសកម្មភាពធ្វើសមយុទ្ធយោធាចិន ដោយខុសច្បាប់នៅក្នុងទីក្រុងមួយជាប់នឹងទីក្រុងហុងកុង អំឡុងការតវ៉ាមួយនៅទីនោះកាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
សាច់ញាតិរបស់លោក លី ម៉េងជូ (Lee Meng-chu) បានរាយការណ៍ពីការបាត់ខ្លួនរបស់លោក បន្ទាប់ពីបានធ្វើដំណើរចេញពីទីក្រុងហុងកុង ចូលទៅទីក្រុងហ្សិនជិន (Shenzhen) ប្រទេសចិន កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។ នាពេលនោះ ទីក្រុងហុងកុងបានកើតមានបាតុកម្មជាច្រើនខែ ដើម្បីប្រឆាំងនឹងច្បាប់ដែលអនុញ្ញាតឲ្យធ្វើបត្យាប័ន ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ក្នុងអំឡុងការធ្វើបាតុកម្មនោះ កងទ័ពចិនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅពហុកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុងហ្សិនជិន ដើម្បីពង្រឹងការហ្វឹកហាត់ជាមួយរថពាសដែក។ ការរហ្វឹកហាក់នេះបានបង្កឲ្យមានការសង្ស័យថា ប្រទេសចិនគ្រោងនឹងដាក់ពង្រាយកងទ័ពអន្តរាគមន៍ ដើម្បីគ្រប់គ្រងភាពចលាចលនៅទីក្រុងហុងកុង។
គួរបញ្ជាក់ថា លោក Lee បានសារភាពតាមទូរទស្សន៍រដ្ឋចិន CCTV កាលពីល្ងាចថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ខ្ញុំបានយកទូរស័ព្ទរបស់ខ្ញុំទៅថតសកម្មភាពទាំងនោះ… ខ្ញុំសុំទោស… ខ្ញុំបានធ្វើរឿងអាក្រក់ជាច្រើន»។ តាមសេចក្តីរាយការណ៍របស់ CCTV បានឲ្យដឹងថា លោក Lee បានធ្វើដំណើរទៅទីក្រុងហ្សិនជិនក្នុងគោលបំណងតែមួយគត់ គឺដើម្បីសង្កេតមើលសកម្មភាពរបស់កងទ័ពចិន។ លោក Lee បានថតវីដេអូសរុបចំនួន ១៦ឃ្លីប និងថតរូបសុរបចំនួន ៤៨ប៉ុស្តិ៍នៅជុំវិញពហុកីឡាដ្ឋាន បន្ទាប់មកលោកក៏បានចែករំលែកវីដេអូ និងរូបភាពមួយចំនួននៅលើអ៉ីនធើណិត។ រដ្ឋាភិបាលចិនបានចោទប្រកាន់អាជ្ញាធរ និងសកម្មជនតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះថា បានគាំទ្រដល់ក្រុមបាតុករប្រឆាំងចិន នៅក្នុងទីក្រុងហុងកុង៕