(ឈីកាហ្គោ)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក ជីលីដ (Gilead) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ទិន្នន័យចុងក្រោយពីការប្រើថ្នាំ រ៉េមដេស៊ីវ៉ា (Remdesivir) ប្រឆាំងនឹងវីរុសកូរ៉ូណាបានបង្ហាញថា ការព្យាបាលបានពន្លឿនការជាសះស្បើយរហូតដល់ ០៥ថ្ងៃបើធៀបនឹងអ្នកជំងឺ ដែលប្រើការព្យាបាលតាមវិធីសាស្ត្រផ្លាសេបូ (placebo ជាការដាក់ថ្នាំទៅតាមស្ថានភាពជំងឺ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
ការសិក្សាចុងក្រោយបានបង្ហាញលទ្ធផលថា អ្នកជំងឺដែលប្រើប្រាស់ថ្នាំ Remdesivir ទទួលបានការជាសះស្បើយលឿនជាងអ្នកជំងឺទទួលការព្យបាលតាម placebo, នេះបើយោងតាមលទ្ធផល នៃការធ្វើតេស្តតំណាក់កាលទី ៣ (ACTT-1) ពីវិទ្យាស្ថានជាតិអាឡែកហ្ស៊ី និងជំងឺឆ្លងអាមេរិក។ ចំពោះអ្នកជំងឺប្រើប្រាស់ថ្នាំ Remdesivir ជាមធ្យមអាចជាសះស្បើយក្នុងរយៈពេល ១០ថ្ងៃ បើធៀបទៅនឹង ១៥ថ្ងៃ ចំពោះអ្នកជំងឺដែលព្យាបាលតាម placebo។ លទ្ធផលនៃការសាកល្បងខាងលើ មានការចូលរួមពីអ្នកជំងឺសរុបចំនួន ១,០៦២នាក់ និងបានចុះផ្សាយលទ្ធផលនៅក្នុង ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសថ្មី។
គួរបញ្ជាក់ថា ថ្នាំដែលអភិវឌ្ឍដោយក្រុមហ៊ុន Gilead ស្ថិតក្នុងចំណោមថ្នាំដំបូងបង្អស់ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺដែលមានផ្ទុក COVID-19 ហើយថ្នាំប្រភេទនេះក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលប្រធានាធិបតីសហរដ្ឋអាមរិកលោក ដូណាល់ ត្រាំ ផងដែរ។ Remdesivir បានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមកម្ល៉េះ។
លទ្ធផលនៃការសិក្សាជារួមបានបង្ហាញថាថ្នាំ Remdesivir ក៏អាចកាត់បន្ថយអត្រាមរណភាពផងដែរ។ ជាក់ស្តែងនៅក្នុងការវិភាគដាច់ដោយឡែកមួយទៀត ត្រូវបានឃ្លាំមើលលើអ្នកជំងឺ ដែលទទួលបានជំនួយពីអុកស៊ីសែនបានបង្ហាញថា ថ្នាំប្រភេទនេះក៏អាចកាត់បន្ថយហានិភ័យ នៃការស្លាប់បានរហូតដល់ ៧២ភាគរយ ក្រោយការប្រើប្រាស់រយៈពេល ១៥ថ្ងៃ និង ៧០ភាគរយក្រោយ ២៩ថ្ងៃ៕