(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។
ការបញ្ជាក់ឲ្យដឹងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្នុង ឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»។
តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនទៅមុខជាលំដាប់របស់កម្ពុជានៅពេលនេះ ធ្វើឲ្យក្រុមអ្នកប្រឆាំងមិនដែលពេញចិត្ត និងកោតសរសើរឡើយ ប៉ុន្តែសម្តេចសង្កត់ធ្ងន់ថា សម្តីអ្នកទាំងនោះ គឺជាសម្តីអត់ប្រយោជន៍ ប្រៀបបាននឹងសំឡេងសត្វសុនកព្រុសអញ្ចឹង។