(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាន និងត្រួតពិនិត្យ ទៅលើក្លឹបកម្សាន្ដ និងខារ៉ាអូខេដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយកូវីដ-១៩នេះក៏ដោយ។
ការជំរុញ និងណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការរាតត្បាត នៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ។ ដូច្នេះក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ-១៩នេះ»។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួម ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតី នៃឯកសារវិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការ ចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។