ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ
«គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល» ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូបុគ្គលិកអប់រំ សមាគមបុគ្គលិកសិក្សាខ្មែរ សមាគមគ្រឹះស្ថានឧត្តមសិក្សា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើនរូប។
ទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល» ខាងលើនេះ ធ្វើឡើងក្រោមវត្ដមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្ដធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ រយៈពេល១ថ្ងៃពេញ។
រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ក្នុងរយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ដើម្បីរៀបចំ និងតម្រង់ទិសគ្រូបង្រៀន ឲ្យឆ្លើយតបយុគសម័យឌីជីថល និងបរិបទថ្មីៗទៀត ជាពិសេសបន្តបោះជំហាន ទៅរកការអប់រំតាមបែបឌីជីថល ក្រសួងនឹងបន្តយកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពគ្រូបង្រៀន តាមរយៈការបន្តអនុវត្តកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ កំណែទម្រង់សាលាគរុកោសល្យ ដោយផ្តោតលើ៖
១៖ ការអភិវឌ្ឍមជ្ឈមណ្ឌលគរុកោសល្យទាំង៤ (កណ្តាល ព្រៃវែង កំពង់ចាម និងសៀមរាប)
២៖ ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន ឲ្យដល់កម្រិតបរិញ្ញាបត្រ
៣៖ ការរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូ ឲ្យមានលក្ខណៈជាក់ស្តែង រយៈពេលខ្លី និងតម្រង់ទិសឆ្ពោះទៅសាលារៀន
៤៖ ការបើកច្រកការអប់រំគ្រូ ដោយរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលមានតុល្យភាពរវាងការចូលរួមរបស់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលារៀន ក្នុងការធ្វើវិក្រឹតការគ្រូបង្រៀនដោយផ្តោតលើ៖ (១) ការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តនិង (២) ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលារៀន
៥៖ ការផ្សារភ្ជាប់ការបណ្តុះបណ្តាលគ្រូ ជាមួយនឹងកម្មវិធីវិក្រឹតការគ្រូ ទៅតាមដំណាក់កាលផ្សេងៗ នៃអាជីពជាគ្រូបង្រៀន
៦៖ ការកាត់បន្ថយគម្លាត ក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ រវាងមុខវិជ្ជាឯកទេស និងវិធីសាស្រ្តបង្រៀន និងរវាងការស្រាវជ្រាវ និងការបង្រៀន និងរវាងវិទ្យាស្ថាន-គរុកោសល្យ និងសាលារៀន
៧៖ ការរៀបចំកម្មវិធីគាំទ្រគ្រូចេញថ្មី (School-based mentoring program) ដើម្បីជួយដល់គរុសិស្ស ក្នុងការចាប់យកអាជីពបង្រៀន និងបង្កើតទំនាក់ទំនង រវាងគ្រូចុះកម្មសិក្សា និងសាលារៀន
៨៖ ការរៀបចំកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (Continuous Professional Development) ដើម្បីជួយដល់គ្រូ ក្នុងការបំពេញតម្រូវការជាក់ស្តែង នៅក្នុងការបង្រៀន និងជួយគ្រូឲ្យរៀនបន្ត។