(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទីចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដោយមានរបៀបវារៈ ចំនួន១១ រួមមាន៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦។
៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។
៥៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃម៉ាឡេស៉ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
៦៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៧៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារំាង។
៨៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី។
៩៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។
១០៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូន។
១១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន៖ ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រៅពីនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័ត កម្មវិធីចំណាយថវិកាឆ្នាំ២០២១ របស់រដ្ឋសភា ដើម្បីផ្ញើជូនរាជរដ្ឋាភិបាល ដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
កិច្ចប្រជុំក៏បានបានអនុម័ត របាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការបូកបញ្ចូលសកមកម្មភាពរដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ និងសមាសភាពលេខាធិកាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ចំនួន៣រូប រួមមាន លោកស្រី នួម សុភ័ណ, លោក ខូយ សុខា និងលោក នៅ សំ។
សូមជម្រាបថា ការបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋសភា បានវិស្សមកាលពីសម័យប្រជុំរដ្ឋសភាអស់រយៈពេល ៣ខែមក។ សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ បានបិទបញ្ចប់កាលពីថ្ងៃទី២ ខែកកក្កដា ឆ្នាំ២០២០។
នៅក្នុងរយៈពេលវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភានេះ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា បានចុះបំពេញតួនាទីជាតំណាងពលរដ្ឋ នៅតាមមណ្ឌលខេត្ត-រាជធានីទូទំាងប្រទេស និងបានបំពេញការងារច្រើនទៀត ទំាងការប្រជុំរដ្ឋសភាជាវិសាមញ្ញ និងការងារការទូតសភានៅលើឆាកអន្តរជាតិ។ ជារួមសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦នេះ នឹងបង្ហាញជូននៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាពេលខាងមុខនោះ៕