(ភ្នំពេញ)៖ សូមបញ្ជាក់ថា ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ រយៈពេលប្រមាណជា ៥-៦ថ្ងៃកន្លងទៅនេះ បានអាពាធដោយលេចចេញព្រះអាការ:រោគដូចជា ក្តៅព្រះកាយ លេីសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ តែក្នុងចំណោមព្រះសង្ឃកើតអាពាធនេះ ជាងពាក់កណ្តាល បានជាសះស្បេីយហើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។
តែដើម្បីធ្វើឱ្យប្រាកដពីបញ្ហាព្រះសុខភាពរបស់ព្រះសង្ឃដែលនៅមានរោគសញ្ញាមិនទាន់ជានៅឡើយ ២១អង្គនោះ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អាការៈរោគរបស់ព្រះសង្ឃទាំងអស់អង្គ ជាជំងឺគ្រុនផ្តាសាយធំ។
បើទោះបីលទ្ធផលពិនិត្យសំណាកមិនមានជំងឺកូវីដ១៩យ៉ាងណាក៏ដោយចុះ តែលោកស្រី ឱ វណ្ណឌីន បានពិនិត្យឃើញថា ក្នុងកំឡុងបុណ្យកាន់បិណ្ឌរយៈពេល១២ថ្ងៃកន្លងមកនេះ តាមទីអារាមនៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងការបង្ការរោគនៅឡើយ។ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលរដ្ឋយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសនូវការចម្លងរោគ និងកើតជំងឺផ្សេងៗ។
ដើម្បីការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការការសាមញ្ញៗដូចខាងក្រោម៖
១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ
២៖ ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ។ មិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម
៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ
៤៖ ព្រះសង្ឍអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
៥៖ ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន៕