(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់ទៅមេដឹកនាំ ក្នុងសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ថា «យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់សាំងបន្ថែមនោះទេ»។
ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសដែលលោកធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ, ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ, ការធ្វើអន្តោប្រវេសន៍មិនប្រក្រតីនៅតាមសមុទ្រ, ការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, បញ្ហារដ្ឋ Rakhine, និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។
ក្នុងបទអន្តរាគមន៍របស់ខ្លួន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលមានភាពតានតឹងខ្ពស់ បញ្ញាញាណរបស់យើងកំណត់ថា យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់ប្រេងបន្ថែមនោះទេ។ ក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យ កម្ពុជាភ្ជាប់ខ្លួនទៅនឹងសេចក្តីប្រាថ្នារួម ដែលប្រទេសនានាបានលើកឡើងក្នុងកិច្ចប្រជុំនេះថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព»។
ដើម្បីសម្រេចបានគោលបំណងនេះ កម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីដែលពាក់ព័ន្ឋផ្ទាល់ អនុវត្តន៍សេច្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធិភាព ដែលជាមធ្យោបាយមួយក្នុងការធ្វើឱ្យមានទំនុកចិត្ត និងភាពជឿជាក់ ហើយកម្ពុជាសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនារវាងភាគីដែលពាក់ព័ន្ធដោយផ្ទាល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។