(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យកម្លាំងនគរបាល ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២០។
ការបញ្ជាយ៉ាងដូច្នេះ របស់ឧត្តមសេនីយ៍ឯក ស ថេត ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២០ ដែលរៀបចំធ្វើនៅស្នងការដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយនេះដែរ លោក-លោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ក៏បានចូលរួមមតិយោបល់ជាច្រើន ទាក់ទងទៅនឹងការរៀបចំផែនការ និងរៀបចំ កម្លាំងចម្រុះ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ជាពិសេសគឺការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញ ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់សមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារ ឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ។
ម្យ៉ាងវិញទៀត លោកស្នងការ បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបញ្ជាក់ដល់សមត្ថកិច្ចទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មើសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដើរលេងតាម ទីកន្លែងកំសាន្តនានា ក្នុងរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ទៀតថា មួយវិញទៀត តាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ៕