(ឧត្ដរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តការកែទម្រង់ស៊ីជម្រៅរបស់ក្រសួង តាមរយៈការពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទឱ្យកាន់តែប្រសើរថែមទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោក«ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព» ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនប្រមាណ១០០នាក់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានជម្រាបពីសកម្មភាពបន្តអនុវត្តគម្រោង ក៏ដូចជាបន្តការចរចារជាមួយក្រុមហ៊ុនសាងសង់ និងដៃគូអភិវឌ្ឍន៍លើការពង្រីកនិងលើកកម្ពស់គុណភាពផ្លូវនានា ទោះបីស្ថិតក្នុងសា្ថនភាពកូវីដ-១៩ក៏ដោយ។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគោលការណ៍សាងសង់ផ្លូវឱ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើង ស៊ីក្រាស ចាក់ក្រាសស៊ីស្ដើងឡើយ។ គោលការណ៍នេះត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ការបង្កើតក្រុមត្រួតពិនិត្យ ពិសេសតាមដានរាល់ការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីឱ្យក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានជាដាច់ខាត តាមលក្ខណៈ បច្ចេកទេស និងតាមកិច្ចសន្យា។
លោកក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋទាំងអស់ដំឡើងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅលើទូរសព្ទស្មាតហ្វូន របស់បងប្អូន ថតរូបភាពផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅក្រុមការងារទទួលបន្ទុក ដើម្បីឱ្យក្រុមការងារបានជួសជុលទាន់ពេលវេលា ជៀសវាងការកាន់តែរីកដាលធំទៅៗ ចំណាយកាន់តែច្រើន។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថែរក្សាសុខភាពអនាម័យខ្លួនប្រាណ កាត់បន្ថយការជួបជុំដែល មិនចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំបង្ការ ឬទប់ស្កាត់នៅឡើយ។
លើសពីនេះទៅទៀតលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ត្រូវអនុវត្តតាមអនុសាសន៍ ១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ជាពិសេសកុំធ្វើជាមន្ត្រីគ្រាប់ល្ពៅឱ្យសោះ៕