ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបញ្ជាលោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅ សហការជាមួយលោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ
ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសង្វៀនមាន់មួយកន្លែងដែលស្ថិតនៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក វរសេនីយ៍ទោ ម៉ៅ សឿត បានឲ្យដឹងថា ដោយសារមានពលរដ្ឋល្អបានរាយការណ៍ទាន់ពេលវេលាទើបសមត្ថកិច្ចឈានដល់ការបង្ក្រាបសង្វៀនមាន់ដែលទើបតែមកបើកលេងលួចលាក់មិនបានមួយព្រឹកផង។
លោក វរសេនីយ៍ទោ ម៉ៅ សឿត បានបញ្ជាក់ប្រាប់ថាក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានរថយន្ត ០៥ គ្រឿង ម៉ូតូ ១៨ គ្រឿង មាន់ជល់ ០៣ក្បាល កៅអីជ័រ ១០០ និងស៊ុម សម្រាប់ក្រុងមាន់ ៥៦។ ចំណែកអ្នកមកលេងជល់មាន់ បានរត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់?