(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ១០៦នាក់បានស្លាប់ និង ៥២នាក់ទៀតបានរងរបួស គិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា ដែលសុទ្ធតែបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដោយសារឥទ្ធិពលខ្យល់មូសុង បង្កទៅជាទឹកជំនន់ជនលិចភ្លាមៗ នៅតំបន់ខ្លះនៃប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែនេះ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន (NDMA) ដកស្រង់ដោយសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
NDMA បានបញ្ជាក់ឲ្យដឹងថា ខេត្ត ស៊ីនដ៍ (Sindh) ភាគខាងត្បូង គឺជាតំបន់រងគ្រោះខ្លាំងបំផុត ដែលមានមនុស្ស ៣៤នាក់បានស្លាប់ និង ០៩នាក់ផ្សេងទៀតបានរងរបួស ដោយសារភ្លៀងធ្លាក់ខ្លាំងនេះ ហើយបណ្ដាលឲ្យមានទឹកជំនន់ជនលិច និងបានបំផ្លាញលំនៅឋានចំនួន ២៤ខ្នងផងដែរ។
គួរបញ្ជាក់ថា ខេត្ត Sindh, ឃីប៊ឺ ផាកទុនក្វា ( Khyber Pakhtunkhwa) និងខេត្ត បាឡូជីស្ថាន (Balochistan) សុទ្ធតែជាតំបន់ដែលបានទទួលរងគ្រោះខ្លាំង និងមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់នៅប៉ាគីស្ថាន៕