(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។
លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០២ របស់គាត់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ដោយឡែកអ្នកព្យាបាលជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ ម្នាក់អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។
បុរសទាំង ០២នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៧៣នាក់ ស្រី្ត៥៤នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលឱ្យជាសះស្បើយឡើងវិញ មានចំនួន២២៥នាក់ ស្ត្រី៤៦នាក់ និងបុរស១៧៩នាក់។