ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងរបស់លោកបានបើកប្រតិបត្តិការ តាមរយៈការណែនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្តល់ការងារ ដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់ចូលឃាត់ខ្លួនជនជាតិចិន ២៩នាក់ បន្ទាប់ពីពួកគេជាប់សង្ស័យធ្វើសកម្មភាពចាប់ជំរិតយកប្រាក់ពីជនជាតិចិនដូចគ្នា។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារមួយមានឈ្មោះ «កណ្តាលសួនច្បារ» ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា៖ ប្រតិបត្តិការនេះឃាត់ខ្លួនជនជាតិចិន ២៩នាក់ ស្រី០៣នាក់។ ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា។ កម្លាំងសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ៣នាក់៕