(កូឡាឡាំពួរ)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA និងសហព័ន្ធប្រចាំទ្វីបអាស៊ី AFC បានឯកភាពគ្នា ក្នុងការរៀបចំឲ្យមានការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup 2022 និងជើងឯកប្រចាំទ្វីបអាស៊ី Asian Cup 2023 ចាប់ពីឆ្នាំ២០២១ ដោយសារវិបត្តិជំងឹ Covid-19 មិនទាន់ថមថយនៅឡើយ។
យោងតាមលិខិតរបស់ស្ថាប័នកំពូលទាំងពីរខាងលើដែល Fresh News Plus ទទួលបាននៅរសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ដំបូងឡើយការប្រកួត ២កម្មវិធី World Cup 2022 និង Asian Cup 2023 គ្រោងនឹងធ្វើឡើងនៅចាប់ពីខែតុលា-វិច្ឆិកា ដែលជាន់គ្នាទៅនឹងការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមនីមួយៗ ទើបសម្រេចលើកទៅប្រកួតនៅឆ្នាំ២០២១ ដោយពុំទាន់កំណត់ថ្ងៃខែច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup 2022 លើកទី២២ នឹងត្រូវរៀបចំឡើយនៅប្រទេសកាតា គ្រាដែល Asian Cup 2023 លើកទី១៨ នឹងត្រូវរៀបចំឡើងនៅប្រទេសចិន៕