(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា សូមប្រកាសអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀត ដូចជាជំងឺគ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជាដើម។
«ការធ្វើដំណើរទៅទីណា កន្លែងណា ពេលណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើថ្នាំលាបដៃជើង ការពារមូសខាំ (Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង ដាក់អាបែតក្នុងពាង ឬអាងទឹកអនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់ និងព្រៃស្តុកជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្ក ឡើងដោយសារមូសខាំ» នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ ឱ វណ្ណឌីន នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងនារដូវវស្សានេះ៕