ភ្នំពេញ)៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានព្រមានត្រង់ៗ ក្នុងការដកតំណែងរបស់ប្រធានផ្សារដើមគរ និងប្រធានបេនឡានផ្សារដើមគរ ខណៈដែលមានប្រជាពលរដ្ឋ និងអាជីវកររាយការណ៍ថា បេនឡានផ្សារដើមគរ បង្កភាពអនាធិបតេយ្យ មិនមានសណ្តាប់ធ្នាប់ និងបានបិទច្រកចេញ ចូលទៅក្នុងផ្សារ បង្កឲ្យមានការថ្នាំងថ្នាក់ ពីសំណាក់ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករយ៉ាងខ្លាំង។
ការព្រមាននេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការឆ្លងថ្នល់ មិនប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ប្រធានបេនឡានផ្សារដើមគរ ត្រូវរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ ជៀសវាងការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ ដូច្នេះទេប្រធានផ្សារ និងអ្នកគ្រប់គ្រងបេនឡានផ្សារដើមគរ ត្រូវរួមគ្នាដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងពេលនេះ ឲ្យបានល្អសំខាន់ត្រូវ ឲ្យមានច្រកចេញចូលទៅក្នុងផ្សារឲ្យបានស្រួល។ បើមិនដូច្នោះទេ អ្នកទាំងពីរប្រឈមនឹងការដកតួនាទីចេញពីការងារនេះហើយ។
គួរបញ្ជាក់ផងដែរថា មុននៃការចាប់ផ្ដើមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសថ្មើរជើងខាងលើនេះ ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករនៅក្នុងផ្សារដើមគរ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ ស្នើសុំ និងសំណូមពរឲ្យលោកអភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍បើកច្រកផ្លូវចេញចូលផ្សារ ខណៈដែលបេនឡានបានយកឡានមកចតបាំងផ្លូវមិនអាចឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចេញចូលបាន។
ផ្ដើមចេញពីបញ្ហានេះ ទើបលោកអភិបាលរាជធានីភ្នំពេញ ធ្វើការព្រមានដកប្រធានផ្សារ និងអ្នកម៉ៅការបេនផ្សារដើមគរ ដោយលោកបញ្ជាក់ថា បើធ្វើការងារមិនត្រូវគ្នាទេ បើដក គឺដកទាំងពីរនាក់តែម្តង។