ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងជំនួបសំដែងការគួរសម និងជម្រាបលារបស់ឯកឧត្តម មីកាមិ ម៉ាហ្សាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិការងារនៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម សម្តែងការអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរាជទូត នូវសមិទ្ធផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម បានបន្តថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ គឺបានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។
ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនភាគីជប៉ុនទៀតថា ឯកឧត្តមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទៅកាន់ដំណាក់កាលថ្មីមួយទៀត និងឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៣។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែត្រូវបានទទួលស្គាល់ក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕