(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចង់បង្កើតកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា លើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់វិនិយោគិន និងទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Rachid Talbi El Alami ប្រធានរដ្ឋសភាម៉ារ៉ុក នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ក្នុងជំនួបនោះ លោក Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ និងអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំអភិវឌ្ឍន៍កម្ពុជាឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។
លោក Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។
ដោយឡែកជាមួយកម្ពុជាវិញ សម្តេចតេជោ លើកទឹកចិត្តម៉ារ៉ុក ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត៕