(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានចែករំលែកនូវទស្សនៈ ក៏ដូចជាធាតុចូលចំនួន៥ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក ដើម្បីសម្រេចបាន «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កំំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ទស្សនៈ៥ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រួមមាន៖
*ទី១៖ លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំរបស់អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល។
*ទី២៖ លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន និងបើកចំហ។ ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវនិម្មាបនកម្មសន្តិសុខតំបន់។ យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឲ្យមានសន្តិភាព និងការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និងប្រជាជនជាស្នូល។ យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
*ទី៤៖ លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿនឲ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំង ដល់សន្តិសុខផ្នែកសុខភាព។ សន្តិសុខអាកាសធាតុ គឺជាបញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈសំខាន់។
*ទី៥៖ លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើង នៃភាពស្មុគស្មាញ និងលក្ខណៈច្រើនទម្រង់របស់សន្តិសុខ និងការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឲ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទាំងនេះ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ, ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, ការបង្ការជម្លោះនាពេលអនាគត និងការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើការគោរពគ្នា, ការយោគយល់គ្នា, ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីរបស់យើង៕