បាល់ទាត់៖ អ្នកគាំទ្រដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតានឹងត្រូវចំណាយលុយលើសំបុត្រចូលរួមទស្សនាដែលមានតម្លៃថ្លៃជាង World Cup 2018 នៅរុស្ស៊ីដល់ទៅជិត ៤០%។
បើតាមការសិក្សា និងប្រមូលទិន្នន័យជុំវិញតម្លៃសំបុត្រដែលត្រូវបានលក់ចេញឱ្យដឹងថា តម្លៃសំបុត្រជាមធ្យមនៅកាតាគឺ ២៨៦ផោន តែបើប្រៀបធៀបនឹង World Cup នៅរុស្ស៊ីមានត្រឹម ២១៤ផោន នេះបើតាមការសិក្សាដោយ Keller Sports។ សំបុត្រ World Cup នៅកាតាមានតម្លៃថ្លៃបំផុតបើប្រៀងធៀងនឹង World Cup នៅប្រទេសផ្សេងនាពេលកន្លងមកក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ បើគិតតែវគ្គផ្តាច់ព្រ័ត្រ តម្លៃសំបុត្រគឺមានតម្លៃជាមធ្យម ៦៨៤ផោន ដែលមានការកើនឡើងដល់ទៅ ៥៩% ឯណោះប្រៀបធៀបទៅនឹងបួនឆ្នាំមុន។
មុននេះ FIFA បានឱ្យដឹងថា សំបុត្រទស្សនា World Cup ប្រមាណជាជិត ៣លានសន្លឹកត្រូវបានលក់ចេញនៅគ្រប់កីឡដ្ឋានទាំង ៨ នៅកាតា។ បើយើងក្រឡេកបកក្រោយវិញ World Cup 2006 នៅអាល្លឺម៉ង់ត្រូវបានគេឃើញថា មានតម្លៃសមរម្យបំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះដោយតម្លៃសំបុត្រចូលទស្សនាជាមធ្យមត្រឹម ១០០ផោន ហើយវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែកឡាំងមានតម្លៃជាមធ្យម ២២១ផោន៕