(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាបេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានប្រកាសស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។
ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បេសកជនពិសេសចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា ជា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ដូច្នេះ «នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១»។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក ប្រាក់ សុខុន ប្រកាសធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី៣ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណតិ្តជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឱ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ។
លោក ប្រាក់ សុខុន សង្ឃឹមថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន។
សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា បានប្រកាសពីការដោះលែងអ្នកទោសជាង ៦,០០០នាក់ ដើម្បីអបអរសាទរថ្ងៃបុណ្យជាតិរបស់ខ្លួន។
អ្នកទោសដែលត្រូវបានដោះលែងនេះ រួមមានអ្នកនយោបាយធំៗផងដែរ ដែលរួមមាន៖ លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi) លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨ បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការ កណ្តាលបក្ស NLD លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី លោកសាស្រ្តាចារ្យ សន ធើណែល អតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក។
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងយ៉ាងខ្លាំងចាប់តាំងពីទទួលបានញញួរអាស៊ានកាលពីដើមឆ្នាំ២០២២ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាមួយលើក ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកផងដែរ។
ការដោះលែងអ្នកទោសទ្រង់ទ្រាយធំរបស់របបយោធាមីយ៉ាន់ម៉ានាពេលនេះ គឺជាការវិវឌ្ឍជាវិជ្ជមានមួយ ដើម្បីឈានទៅរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដែលជាក្តីសង្ឃឹមក្នុងការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានឡើងវិញ៕