កណ្ដាល៖ ក្រោយពីបានបើកស៊ើបអង្កេត និងមានពិរុទ្ធគ្រប់គ្រាន់ស៊ីសង្វាក់រួចហើយ រហូតមកដល់ពេល អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានសម្រេចប្រកាសឃាត់ខ្លួន ជនសង្ស័យ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា នៅពេលនេះអង្គភាពប្រឆាំងអំពើពុករលួយ ពិតជាទទួលជនសង្ស័យ ឈ្មោះ សុខ សុផា ភេទប្រុស ៤៥ឆ្នាំ មុខងារជាស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាលហើយ ។
អង្គភាពបានសម្រេចឃាត់ខ្លួន ជនសង្ស័យ សុខ សុផា នៅពេលម៉ោង ១៧.០០នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បើតាមឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃនេះថា យើងមានពេល៤៨ម៉ោង រាប់ពីម៉ោង១៧.០០ ម្សិលមិញ ដើម្បីកសាងសំណុំរឿង មានន័យថា យើងសល់ពេល១ថ្ងៃទៀត ដើម្បីបញ្ជូនទៅតុលាការ។ ACUរកឃើញថា ស្មៀនសង្កាត់តាខ្មៅ ពិតជាបានប្រព្រឹត្តល្មើសច្បាប់ ដោយកេងយកផលប្រយោជន៍ដោយខុសច្បាប់។
សូមបញ្ជាក់ថា មន្រ្តីស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួននៅថ្ងៃល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ជុំវិញការកិបកេងថវិការដ្ឋប្រមាណ ៧០លានរៀល សម្រាប់បើកជូនពលរដ្ឋក្រីក្រ ក្នុងបរិបទកូវីដ១៩។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់អោយអនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០ មកម៉្លេះ។ ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រ រហូតមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបានចំនួន ១០ជុំរួចមកហើយ ដោយគិតជាទំហំទឹកប្រាក់ គឺរាជរដ្ឋាភិបាលបានចំណាយអស់រហូតដល់ជាង ៨៣៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ជាក្រសួងសាម៉ីទទួលខុសត្រូវចំពោះការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ៕