(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ព្យែ ទ្រូដូ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំនិងគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ពិសេសបញ្ហាដោះមីននិងវិបត្តិនានានៅប្រទេសនោះ។
ការវាយតម្លៃនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីកាណាដា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ទ្រូដូ អំពីគំនិតផ្តួចផ្តើម និងការសម្របសម្រួលរបស់កម្ពុជាយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ។
លោកនាយករដ្ឋមន្ត្រីកាណាដាក៏បានសម្ដែងនូវអំណរគុណដ៏ស្មោះសរចំពោះការដឹកនាំ និងគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយដល់អ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិនេះផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈនោះសម្តេចតេជោបានសម្តែងការគាំទ្រចំពោះការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាមួយនឹងក្តីសង្ឃឹមថាទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា នឹងឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ។
លោក ចាស្ទីន ព្យែ ទ្រូដូ បានឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងមានក្តីសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងជួយបង្កើតឱកាសក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាននិងកាណាដា។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀតផងដែរ រួមមាន ពាណិជ្ជកម្ម ការប្រែប្រួល អាកាសធាតុ និងសន្តិសុខស្បៀង ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួមផងដែរ៕