ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក និងភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់បេសកកម្មនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីថ្ងៃទី០៤ ខែវិច្ឆិកានេះ កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្នកំពុងបំពេញបេសកកម្មសន្ដិភាព អង្គការសហប្រជាជាតិUN នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បាននាំយកសម្ភារសិក្សារបស់សម្តេចតេជោ ផ្តល់តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា យកទៅចែកជូនសិស្សានុសិស្សនៅសាលារៀនមួយនៅ ក្នុងភូមិ YAFARA ទីក្រុងប្រៀ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ បានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលកងទ័ពមួកខៀវកម្ពុជាចូលរួមសកម្មភាពមនុស្សធម៌ក្នុងតំបន់បេសកកម្ម ចែកអំណោយសំភារសិក្សាជូនសិស្សក្រីក្រនៅក្នងតំបន់បេសកកម្ម ហើយកាលពីពេលកន្លងទៅថ្មីៗដែរ កងកម្លាំងរក្សាសន្តិភាពកម្ពុជាក៏បាននាំយកទឹកស្អាតទៅចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់បានជាច្រើនលើក និងបានចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់គ្រោះថ្នាក់ដោយសារមីនដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយរងគ្រោះផងដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ គឺជាកងទីប្រាំបីដែលបានប្ដូរវេនពីកងចាស់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានកម្លាំងចំនួន២១៤នាក់ ក្នុងនោះនារីមានចំនួន ២៤នាក់ ដោយបោះទីតាំងឈរជើងចំនួនពីរទីតាំងធំៗ គឺក្នុងទីក្រុងប្រៀ និងទីក្រុងបឹមបារី។
ក្នុងរយៈពេលនេះកម្លាំងយើងបានធ្វើការជួសជុល និងស្ថាបនាផ្លូវបានជាច្រើនគីឡូម៉ែត្រ និងស្ពានជាច្រើនកន្លែង ថែទាំផ្លូវក្នុងទីបញ្ជាការ UN ទីក្រុងប្រៀជាប្រចាំ រៀបចំសង់ទីតាំងចត្តាឡីស័ក សម្រាប់កងកម្លាំងប្តូរវេន, ស្តារប្រឡាយ លើកទំនប់ការពារ និងរាយបន្លាលួសព័ទ្ធជុំវិញទីបញ្ជាការUNប្រចាំទីក្រុងប្រៀ (Bria), សាងសង់ជុំរុំស្នាក់នៅជូនកងកម្លាំងរក្សាសន្តិភាពក្នុងតំបន់បេសកកម្ម ជួសជុលព្រលានយន្តហោះ ធ្វើព្រលានចុះចតយន្តហោះគ្មានមនុស្សបើក បោសសម្អាតមីន និងកម្ទេចក្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្ដល់ទឹកស្អាតសំរាប់បរិភោគ ដល់បុគ្គលិក UN ជារៀងរាល់ថ្ងៃ ក្រៅពីការងារស្នូលយើងក៏បានធ្វើការងារមនុស្សធម៌ជាច្រើនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានឱ្យដឹងថា ដោយមើលឃើញពីភាពជោគជ័យ និងភាពសកម្មក្នុងការបំពេញបេសកកម្មរបស់កងទ័ពមួកខៀវកម្ពុជា អង្គការសហប្រជាជាតិបានសំរេចអោយកម្ពុជាបញ្ជូនកម្លាំងបន្ថែមចំនួនមួយកងអនុសេនាធំផែ្នកកម្ទេចគ្រឿងផ្ទុះ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលបច្ចុប្បន្នយើងបានរៀបចំរួចរាល់ទាំងកម្លាំងជំនាញ និងសម្ភារបំពាក់។
ដោយឡែកកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនមធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ចំនួន៦៩ គ្រឿង រួមមានកុងតឺន័រ ៣៧គ្រឿង របស់កងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) ថ្មី ទៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕