(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃបណ្តាប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៥ និងរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៦ គឺជាពេលដ៏ល្អមួយសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ក្នុងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩។
ក្នុងសុន្ទរថាថ្លែងបើកកិច្ចប្រជុំដែលរៀបចំឡើងនៅក្រុងសៀមរាបអង្គរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញផងដែរថា កិច្ចប្រជុំទាំងពីរខាងលើនេះ បានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ហើយក៏ជាឱកាសដែលថ្នាក់ដឹកនាំទេសចរណ៍ ACMECS និង CLMV វាយតម្លៃផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ និងដាក់ចេញយុទ្ធសាស្ត្រសមស្របក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ដឹកនាំទេសចរណ៍ប្រទេស AMCES និង CLMV ដែលតែងតែជំរុញឱ្យមានកំណើនលំហូរទេសចរណ៍រវាងប្រទេសសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ទាញទេសចរណ៍ពីប្រទេសទី៣ បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ» និង «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ»។
វិស័យទេសចរណ៍ បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩រយៈពេលពីរឆ្នាំកន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ផ្តើមចេញពីវិបត្តិនៃជំងឺកូវីដ១៩នេះ ធ្វើឱ្យគេមើលឃើញថា វិស័យទេសចរណ៍មានតួនាទីកាន់តែចាំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ, សាមគ្គីផាព និងមិត្តភាពនៃប្រទេសក្នុងតំបន់។
ដោយមើលឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងដើម្បីដោះស្រាយវិបត្តិទេសចរណ៍ក្រោយការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ចេញនូវទស្សនទានចំនួន៤ ដើម្បីជាមូលដ្ឋានក្នុងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រទេស ACMECS និង CLMV។ ទស្សនទានទាំង៤នោះរួមមាន៖
ទី១៖ ប្រទេស ACMECS និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់នូវភាពសំបូរបែបដល់ទេសចរណ៍ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។
សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង កសិទេសចរណ៍ ទេសចរណ៍សុខុមាលភាព ទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះ ជាតម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនេះផងដែរ ACMECS និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយគាំទ្រសហគ្រាសធុនតូចបំផុត តូច និង មធ្យម (SMEs) ឱ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។
ទី២៖ ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេស ACMECS និង CLMV គួរជំរុញការផ្លាស់ប្តូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះ គួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
ទី៣៖ ACMECS និង CLMV គួរគិតគូរជំរុញលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់ ACMECS និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់ CLMV ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង សម្រាប់ការទាក់ទាញទេសចរពីប្រទេសទី៣។
សម្ដេចតេជោបានប្រកាសគាំទ្របន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍ តែ១» និង «ប្រទេស៤ គោលដៅទេសចរណ៍តែ១»។
ទី៤៖ ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍ ACMECS និង CLMV ដែលបានដាក់ចុះរួចហើយនោះ សម្ដេចតេជោ គាំទ្រនូវការគិតគូរបង្កើតឱ្យមានយន្តការស្ថាប័នទេសចរណ៍ ACMECS និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕