(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង៦ពាន់គ្រួសារ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព័ត៌មាននៃការអញ្ជើញមកកម្ពុជានេះ សម្ដេចបានទទួលយូរណាស់ហើយ ប៉ុន្ដែមិនទាន់អាចប្រកាសជាសាធារណៈនោះទេ ពោលត្រូវរង់ការប្រកាសជូនដំណឹងជាផ្លូវការពីសេតវិមាន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវច្បាស់លាស់ហើយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិក និងអាស៉ីបូពា៌ នៅក្រុងភ្នំពេញ។ បើតាមសេចក្ដីប្រកាសរបស់សេតវិមាន គាត់នឹងចាកចេញពីសហរដ្ឋអាមេរិក ទៅកាន់អេហ្ស៉ីប ចេញពីអេហ្ស៉ីបមកកាន់កម្ពុជា ចេញពីកម្ពុជាទៅឥណ្ឌូនេស៉ី រួចហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា នៅថ្ងៃខាងមុខនេះ សម្ដេចនឹងមានការងារច្រើនដែលត្រូវធ្វើ ពាក់ព័ន្ធកិច្ចការបរទេស ដូច្នេះហើយសម្ដេចសម្រេចផ្អាកការចុះចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋដោយផ្ទាល់ និងប្រគល់ភារកិច្ចធ្វើបន្ដជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយស្ថាប័នពាក់ព័ន្ធ។
គួរជម្រាបថា សេតវិមាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ម្សិលមិញ បានប្រកាសឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល UN ស្ដីពីការប្រែប្រួលអាកាសធាតុ COP27 នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ មុននឹងបន្តបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។
លោក បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្រោយមកទៀត ទើបលោកប្រធានាធិបតីអាមេរិករូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។
គួរបញ្ជាក់ថា បើតាមសេតវិមាន នៅក្នុងប្រទេសកម្ពុជា លោក ចូ បៃដិន នឹងធ្វើការអះអាងឡើងវិញពីការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ សំដៅធានារក្សាសន្តិសុខ ក៏ដូចជាវិបុលភាព នៅក្នុងតំបន់៕