(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីបដិសេធទាំងស្រុង ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួងកបទ.សអ។
លិខិតបដិសេធ ដែលទទួលបាន គឺបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៉ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ករណីនេះឱ្យបានឆាប់បំផុត។
សូមជម្រាបថា ថ្មីៗនេះ មានផេកមួយ បានផ្សព្វផ្សាយថា ក្លិបបាល់ទាត់ OL ដែលកំពុងលេងនៅលីកកំពូលបារាំង Lique 1 ទទួលបានការអនុញ្ញាតពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យបើកអាជីវកម្មនៅកម្ពុជា៕