ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមការងារនិងក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាជំនួយរបស់ប្រទេសវៀតណាម ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក។
សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។
គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ។ បន្ទាប់ពីបទបង្ហាញដែលបានបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ កំពុងដំណើរការយ៉ាងមមាញឹក ជាពិសេសការអនុវត្តការសាងសង់គ្រឹះក្រោមនៃសំណង់នោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទំាងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើអង្គភាពគ្រប់គ្រងគម្រោង បន្តសម្របសម្រួលជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការសាងសង់បានរលូន ជាពិសេសអង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ត្រូវសហការគ្នាឱ្យបានល្អ អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដូចមានកំណត់ក្នុងកិច្ចសន្យា បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។ តាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ។
ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះដល់រដ្ឋសភាកម្ពុជា៕