ភ្នំពេញ៖ យុវជនតំណាងប្រទេសអាស៊ានទាំង១០ ដែលបានធ្វើដំណើរមកចូលរួមការប្រកួតប្រជែងយុវជនអាស៊ាន ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំASCCលើកទី២៨ បានបង្ហាញពីចំណាប់អារម្មណ៍ពេញចិត្តដំណើរកំសាន្តរបស់ពួកគេនៅកម្ពុជា និងប្តេជ្ញាថា នឹងផ្សព្វផ្សាយពលរដ្ឋរបស់ពួកគេមកកម្ពុជាឆ្នាំ២០២៣ ដើម្បីចូលរួមគាំទ្រលើកចិត្តកីឡាករកីឡាការនីប្រកួតយកមេដាយក្នុងព្រឹត្តិការណ៍SEA GAME ឆ្នាំ២០២៣។
បើតាមតំណាងក្រុមយុវជនអាស៊ានមកពីប្រទេសម៉ាឡេស៊ី ឡាវ ជាដើម បានលើកឡើងថា ជាក់ស្តែងគ្រប់ការប្រកួតកីឡា គឺទាមទាមការគាំទ្រ ការលើកទឹកចិត្តកីឡាករ កីឡាការិនីដើម្បីយកប្រៀបលើដៃគូប្រកួត នឹងដណ្តើមមេដាយជូនជាតិ ដូចនេះនៅពេលត្រឡប់ដល់ប្រទេសពួកគេវិញ នឹងចូលរួមផ្សព្វផ្សាយ អំពាវនាវឲ្យប្រជាជន ជាពិសេសក្រុមយុវជន នាំគ្នាទស្សនាកម្ពុជា ឆ្នាំ២០២៣ ដើម្បីចូលរួមផ្តល់កំលាំងចិត្តដល់កីឡាករ នៅក្នុងព្រឹត្តិការណ៍SEA GAME ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ក្រុមយុវជនឆ្នើមរបស់ប្រទេសអាស៊ានទាំងនោះ ថ្លែងថា តាមរយៈការមកចូលរួមប្រកួតជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២ និងកម្មវិធីផ្សេងៗទៀតនៅកម្ពុជានាពេលនេះ ពួកគេចាប់អារម្មណ៍លើ ការមកស្នាក់នៅ ដើរកម្សាន្តនៅរាជធានីភ្នំពេញ តំលៃសេវាស្នាក់នៅ តំលៃម្ហូបអាហារតាមភោជនីយដ្ឋាន គឺមិនសូវថ្លៃខ្លាំងណាស់ណានោះទេ ហើយមានសេវាល្អសំបូរបែប ជាពិសេសពលរដ្ឋខ្មែរញញឹមរាក់ទាក់ ធ្វើឲ្យយើងមកស្នាក់នៅកម្ពុជា មានភាពកក់ក្តៅ ហើយធ្វើយើងមានអារម្មណ៍ដូចបងប្អូននៅក្នុងគ្រួសារតែមួយ ។ ពួកគេនឹងមកមកលេងកម្ពុជាម្តងទៀត ពិសេសចង់ទៅលេងអង្គរវត្ត។
សូមបញ្ជាក់ថា ការលើកឡើងរបស់ក្រុមយុវជនឆ្នើមប្រទេសអាស៊ាន អោយមានអ្នកមកទស្សនាកម្ពុជា ឆ្នាំ២០២៣ គឺបានធ្វើឡើងស្របពេល ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអនុវត្តយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ ខណៈពេលដែលកម្ពុជារៀបចំធ្វើជាម្ចាស់ការប្រកួតកីឡាSEA GAME និងប្រកួតកីឡាPARA Gameឆ្នាំ២០២៣ ហើយក្រសួងទេសចរណ៍រំពឹងថា ព្រឹត្តិការណ៍នេះ នឹងមានទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ប្រមាណពី ២៥ម៉ឺនទៅ៥០ម៉ឺននាក់៕